ក្រុមហ៊ុនចិន​ «អេ វើ គ្រីន»​ និង​មន្ត្រី​ធំៗ​កាង​​​ ប្រើប្រាស​ ស.ជ.ណ​​ ដែល​ស្លាប់​ហើយ​រស់វិញ​ រុះរើផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ទីណាត់​ទីណែង!​​

0
196

ព្រះសីហនុ៖ ក្រុមហ៊ុន ចិន​ «អេ វើ គ្រីន» បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង២ម៉ឺនហិកតាជាថ្មីពីរាជរដ្ឋាភិបាល​ ក៏ចាប់ផ្ដើមប្រើប្រាស់ ស.ជ.ណ​ យកធ្វើជាអាវក្រោះ​ និងដាវយ៉ាងមុតស្រួចទៅបណ្ដេញប្រជាពលរដ្ឋទីណាត់ទីណែង និងរុះផ្ទះសម្បែងគ្មានមេត្តា​ ខណៈដែល ស.ជ.ណ​ នោះ​ មិនដឹងជាមានខ្លឹមសារយ៉ាងណានោះទេ។​

ជាក់ស្ដែងនៅ​ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន «អេ វើ គ្រីន»​​ បានប្រើប្រាស់​ ស.ជ.ណ​ រួមដៃជាមួយមន្ត្រីគប់គិតគ្នា​ ក្រោមការដឹកនាំពីមន្ទីរបរិស្ថាន សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុក កម្លាំងនគរបាលស្រុក និងអ្នកជំនាញការជាជនជាតិចិនមួយក្រុមតូច ដែលតំណាងឲ្យក្រុមហ៊ុន «អេ វើ គ្រីន» ចុះ​ទៅចុះរុះរើលំនៅឋានរបស់ពលរដ្ឋ ដែលកំពុងរស់នៅលើដីតំបន់ឱទ្យានជាតិ ព្រះសីហនុ “រាម ” ស្ថិតនៅក្នុង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យ៉ាងទីណាត់ទីណែង​ បើទោះជាលំនៅឋានពលរដ្ឋណាមានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ​ អត់មានដោះស្រាយគ្នាដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេ…​ គឺដេញឆៅៗតែម្ដង។​  

តាមមន្ត្រីដែលដឹងរឿងនេះ​ បានឱ្យដឹងថា​ ធាតុពិត ក្រុមហ៊ុន​ «អេ វើ គ្រីន»​​​ មួយនេះ​ កន្លងមកត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបចោលសិទ្ធិក្នុងការវិនិយោគម្តងរូចមកហើយ ដោយសារតែមិនបានធ្វើអ្វីសោះលើផ្ទៃដីដែលខ្លួនបានស្នើសុំវិយោគជាង២ម៉ឺនហិចតា​ ស្ថិតនៅក្នុង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​​ សូមរំលឹកថា​ កាលមុនអំឡុងឆ្នាំ២០១៥​ ក្រុមហ៊ុន​ «អេ វើ គ្រីន»​​​ នេះ​ ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង២ម៉ឺនហិចតាពីរាជរដ្ឋាភិបាលមក​ គឺអត់បានធ្វើអីសោះតែម្ដង​ ដោយគេរង់ចាំមើលហាងឆេង​ពីក្រុមហ៊ុនបរទេសណាហ៊ានឱ្យថ្លៃដល់ចំណុចកំពូល​ គឺគេលក់អាជ្ញាប័ណ្ណសិទ្ធិវិនិយោគនេះ​ ឱ្យទៅក្រុមហ៊ុនបរទេសនោះតែម្ដង​ ប៉ុន្តែសំណាងអាក្រក់​ អត់មានក្រុមហ៊ុនបរទេសណាហ៊ានទិញ អាជ្ញាប័ណ្ណវិនិយោគនោះ​ ក៏ស្លាប់បាត់ទៅ (រាជរដ្ឋាភិបាលលុបចោល)។​

តាមប្រភពពីក្រុមមន្ត្រី​ឱ្យដឹងទៀតថា​ មកដល់ ៣-​៤ឆ្នាំ ចុងក្រោយនេះ ស្រាប់តែមានក្រុមហ៊ុនចិនមកចរចាទិញក្នុងតម្លៃរាប់លានដុល្លារ​ (ទិញអាជ្ញាប័ណ្ណនិវិយោគលើផ្ទៃដីជាង២ម៉ឺនហិចតា)​ គឺ​ ក្រុមហ៊ុន​ «អេ វើ គ្រីន»​​​ នេះឯង​ , ក៏ស្រាប់ពួកមន្ត្រីធំៗ​ (មិនស្គាល់ឈ្មោះមុខមាត់នោះទេ​ ព្រោះគេលាក់មុខ) ផ្ដើមសកម្មភាពយ៉ាងខ្លាងក្លា​ រត់ការស្នើសុំអាជ្ញាប័ណ្ណវិនិយោគលើផ្ទៃដីជាង២ម៉ឺនហិចតា​ ស្ថិតនៅក្នុង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះជាថ្មីឡើងវិញ, ហើយតាមប្រភពថា​ ការស្នើសុំនេះ​ ក៏ធ្វើឱ្យក្រុមហ៊ុន​ «អេ វើ គ្រីន»​ ចាប់ផ្តើមមានឥទ្ធិពលខ្លាំងក្លាឡើងវិញ​ រហូតប្រើប្រាស់ស្ថាប័នជំនាញបណ្ដេញប្រជាពលរដ្ឋឱ្យរុះរើលំនៅឋានដែលរស់នៅក្នុង ឃុំរាម ស្រុកព្រៃនប់ ទីណាត់ទីណែងតែម្ដង…​  មិនឱ្យដេញទីណាត់ទីណែងម៉េចកើត​ បើក្រុមហ៊ុន​ «អេ វើ គ្រីន»​ របស់ចិន​ ហ៊ានទិញអាជ្ញាប័ណ្ណបន្តក្នុងតម្លៃរាប់លានដុល្លារឯណោះ។​  

ចំណែកមន្រ្តីសាលាខេត្តព្រះសីហនុវិញ និយាយត្រឹមថា ក្រុមហ៊ុន «អេ វើ គ្រីន»​​ នេះ ក្រោយទទូលបានសិទ្ធិវិនិយោគជាថ្មីពីរាជរដ្ឋាភិបាលរូចមក ក៏បានលក់ដីនោះឲ្យទៅក្រុមហ៊ុនចិនធំៗចំនួន២ដែលជាក្រុមហ៊ុន មានឥទ្ធិពលបំផុត និងមានលោកឧកញ៉ាដ៏មហិមាម្នាក់ជាខ្នងបង្អែក…​ ឧកញ៉ារូបនោះ​ ជាអ្នកណា?​ ហើយមន្ត្រីពាក់ព័ន្ធធំៗជាអ្នកណាខ្លះ​ មិនត្រូវបានគេប្រាប់ឈ្មោះមុខមាត់នោះទេ​ ព្រោះគេលាក់មុខរហូត…​ តែគេយក ស.ជ.ណ​ និងមន្ត្រីលាក់មុខនោះ ទៅប្រើប្រាស់មន្ត្រីស្ថាប័នជំនាញ ឱ្យចាត់ចែងការងារជូនកឺកឺប្រធានក្រុមហ៊ុនចិន​ (ក្រុមហ៊ុន «អេ វើ គ្រីន»​​)។

មហាជនឆ្ងល់ថា​ ហេតុអ្វីបានជាមន្ត្រីស្ថាប័នជំនាញ​ មុននឹងអនុវត្ត ស.ជ.ណ​ ម៉េចមិនព្រមបង្ហាញខ្លឹមសារក្នុង ស.ជ.ណ​ ឱ្យប្រជាពលរដ្ឋបានដឹងជ្រួតជ្រាបទូលំទូលាយផង?​ ម៉េចក៏លាក់កំបាំង ស.ជ.ណ​ ខ្លាំងម៉្លេះ យកឈ្មោះឧកញ៉ាដ៏មហិមា​ និងមន្ត្រីធំៗ មកគ្របដណ្ដប់ប្រជាពលរដ្ឋ គំរាម គាបសង្កត់ប្រជាពលរដ្ឋមិនឱ្យរើបង្រាស់?​ ​មន្ត្រីស្ថាប័នជំនាញក៏មិនត្រឹមត្រូវដែរ​ ព្រោះថា​ នៅពេលអ្នកសារព័ត៌មាន​ សួរថា​ តើ ស.ជ.ណ​ នេះ​ មានខ្លឹមសារដូចម្ដេចខ្លះ? គេឆ្លើយថា​ អត់ដឹង? ពេលអ្នកសារព័ត៌មាន​ សួរទៀតថា តើឧកញ៉ា​ និងមន្ត្រីធំៗរូបណា​ នៅពីក្រោយ​ ស.ជ.ណ​ និងក្រុមហ៊ុនចិន​ «អេ វើ គ្រីន»​​​ នេះ? គេឆ្លើយថា​ អត់ដឹង?​ គឺដឹងតែឆ្លើយថា អត់ដឹងរហូត…?​ ចុះបើខ្លួនឯងអត់ដឹងអ៊ីចឹង ហេតុម៉េចក៏ហ៊ានអនុវត្ត ស.ជ.ណ ហ្នឹងបម្រើឱ្យក្រុមហ៊ុនចិន?​

បើតាមប្រជាពលរដ្ឋវិញ លើកឡើងថា​ បើតាមការបញ្ជាក់កន្លងមករបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថា ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ នៅខែវិច្ឆិកា ឆ្នាំ១៩៩៣ មានផ្ទៃដីចំនួន ២១ ០០០ ហិចតា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិ ព្រះសីហនុរាម​ នេះបានឡើយ» ចុះហេតុម៉េច បច្ចុប្បន្ន ស្រាប់តែត្រូវបានក្រុមហ៊ុនចិន ចំនួន២ គឺក្រុមហ៊ុន «យ៉ិ ជៀ»​ និង ក្រុមហ៊ុន «អេ វើ គ្រីន»​ មានលិខិត ស.ជ.ណ សំរុកធ្វើការឈូសឆាយ វាយកម្ទេចព្រៃឈើ និងលំនៅឋានប្រជាពលរដ្ឋ ក្រោមលេសដីសម្បទានពីរាជរដ្ឋាភិបាល ដោយមិនគិតពីការរស់នៅ​ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទៅវិញ?​

ប្រជាពលរដ្ឋសំណូមពរថា​ សូមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជួយពិនិត្យ​ និងដោះស្រាយផង​​ កុំឱ្យប្រទេសមួយទាំងមូលបែរជាខ្វះការអនុវត្តច្បាប់ត្រឹមត្រូវ?​ ព្រោះថា​ ពួកគាត់ជាច្រើនរយគ្រួសារ​ អ្នកខ្លះរស់នៅ​ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម​ នេះតាំងពីឆ្នាំ១៩៨០ , អ្នកខ្លះអំឡុងឆ្នាំ១៩៩០ , និងអ្នកខ្លះទៀតមករស់នៅអំឡុង ឆ្នាំ២០០០…​ ដូចបើគេយក​ ស.ជ.ណ​ មកប្រើប្រាស់លើតំបន់នេះ​ ​ក៏គួរតែដោះស្រាយឱ្យមានតម្លាភាព​ និងយុត្តិធម៌ផងដែរ កុំឱ្យគេថា​ អាងតែអំណាច បំពានគ្មានគិត ទៅលើអ្នកស្លូតត្រង់ទន់ខ្សោយ។​

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រុមន្ត្រីដែលអនុវត្តការងារឱ្យក្រុមហ៊ុនចិន​ «អេ វើ គ្រីន»​ ​តែម្ដង, ហើយយើងសន្យាថា ប្រសិនបើភាគីក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​ រំពេសមុទ្រ ហៃឈុន​

(ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​

​